លោក Muñoz ថា ប៉ះវិសាខាល្ងាចនេះត្រូវតែឈ្នះជូនអ្នកគាំទ្រអបអរឆ្នាំថ្មី
ព្រះខ័នរាជស្វាយរៀងត្រូវបើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមខ្លាំងពីរាជធានីភ្នំពេញ វិសាខា វេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសប្តាហ៍ទី១៥ នៃលីគកំពូលកម្ពុជារដូវកាល២០២៣-២៤។
នេះជាការប្រកួតចុងក្រោយក្នុងឆ្នាំ២០២៣របស់ព្រះខ័នរាជស្វាយរៀងដែលទាំងគ្រូបង្វឹក និងក្រុមទាំងមូលប្តេជ្ញាស្វែងរកជ័យជម្នះដើម្បីជាកាដូដល់អ្នកគាំទ្រសម្រាប់ឆ្នាំ២០២៤ដែលនឹងខិតជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខ។
លោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានឲ្យដឹងថា ក្រុមទាំងមូលកំពុងស្ថិតនៅលើផ្លូវប្រកួតប្រជែងដ៏ល្អមួយតាមរយៈទម្រង់លេងដែលត្រូវបានរៀបចំត្រឹមត្រូវជាមួយកីឡាករ និងក្រុមការងារសហការគ្នា។ មិនមែនការប៉ះវិសាខាថ្ងៃនេះជាការប្រកួតដ៏សំខាន់តែមួយនោះទេ ប៉ុន្តែរាល់ការប្រកួតសុទ្ធតែសំខាន់ ហើយក៏មិនអាចកំណត់បានថា ក្រុមមួយឈ្នះ ឬចាញ់លីគនៅត្រឹមពាក់កណ្តាលផ្លូវបាននោះទេ ពីព្រោះពេលវេលានៅវែងឆ្ងាយទៀត។
លោក Pep Muñoz បាននិយាយថា ៖«ពេលនេះ យើងត្រូវតែរីករាយដោយមានទំនុកចិត្ត និងការទទួលខុសត្រូវ។ វាជាការប្រកួតចុងក្រោយនៅក្នុងផ្ទះរបស់យើងឆ្នាំ២០២៣ ដូច្នេះយើងត្រូវយកជ័យជម្នះជូនអ្នកគាំទ្ររបស់យើង»។
ព្រះខ័នរាជស្វាយរៀងបានលត់ក្រុមអង្គរថាយហ្គឺរយ៉ាងចាស់ដៃក្នុងលទ្ធផល ១-៧ កាលពីសប្តាហ៍ទី១៤ បន្ទាប់ពីចាញ់ក្នុងសប្តាហ៍ទី១៣ និង១២។ ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងនៅតែបន្តឈរលើកំពូលតារាងដោយមាន៣៤ពិន្ទុពីការឈ្នះ១១ ស្មើ១ និងចាញ់២។
ចំណែកវិសាខាក្រោមការដឹកនាំគ្រូបង្វឹកថ្មី លោក មាស ចាន់ណា បានដោះដូរសមាជិកថ្មីខ្លះដើម្បីពង្រឹងគុណភាពក្រុមនៅក្នុងជើងទី២ បន្ទាប់ពីជើងទី១មិនទាន់ពេញចិត្តតាមអ្វីដែលខ្លួនចង់បាន។ ពីរប្រកួតចុងក្រោយក្រោមការដឹកនាំគ្រូបង្វឹកថ្មី វិសាខា បានឈ្នះ១ និងចាញ់១ ប៉ុន្តែសរុបទាំង១៤ប្រកួតគឺឈ្នះ៨ ស្មើ២ និងចាញ់៤ មាន២៦ពិន្ទុកំពុងឈរលេខ៣ក្នុងតារាង។
កាលពីជើងទី១ នៅទឹកវិសាខា ក្នុងរាជធានីភ្នំពេញ ក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះដោយលទ្ធផល ០-១។ ចាំមើលជើងទី២នេះ វិសាខាអាចរកបាន៣ពិន្ទុពីម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងឬទេ? កុំភ្លេចវេលាម៉ោង៦ល្ងាចនេះ៕