Benjamen Mendy ប្ដឹងអតីតក្លិបខ្លួនឯង Man City រឿងមិនបង់ប្រាក់ឈ្នួល
Benjamin Mendy នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការជុំវិញអតីតក្លឹប Manchester City ដើម្បីទាមទារប្រាក់ឈ្នួលរាប់លានផោន។ ខ្សែការពារសញ្ជាតិបារាំងវ័យ 29 ឆ្នាំរូបនេះបានចាកចេញពី Man City នៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់នៅរដូវក្តៅកន្លងមកនេះ។ Mendy ត្រូវបានគេជម្រះក្តីដាច់ស្រឡះពីការចោទប្រកាន់ពីបទ
រំលោភជាច្រើនករណីកន្លងមក។ មានការចោទប្រកាន់ថា Man City បានឈប់បង់ប្រាក់ឈ្នួលទៅកាន់ Mendy តាំងពីខែកញ្ញា ឆ្នាំ 2021 បន្ទាប់ពី Mendy ត្រូវបានចោទប្រកាន់ដំបូង និងត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានបញ្ជាក់ថា មេធាវីកីឡានាំមុខគេរបស់ចក្រភពអង់គ្លេសលោក Nick De Marco កំពុងដោះស្រាយរឿងក្តីរបស់ Mendy ដែលស្មើនឹង “ការទាមទារប្រាក់រាប់លានផោន”។ Benjamin Mendy បានផ្លាស់ទៅកាន់ក្លិបនៅលីគបារាំង Lorient កាលពីដើមរដូវកាល តែបានបង្ហាញខ្លួនត្រឹម 3 ប្រកួតប៉ុណ្ណោះ និងជាកីឡាករបម្រុងថែមទៀត។ រំលឹកថា Mendy បានផ្លាស់ទៅកាន់ Manchester City ពី Monaco ក្នុងតម្លៃ 52 លានផោនកាលពីឆ្នាំ 2017 ធ្លាប់ឈ្នះជើងឯក English Premier League បីលើកនៅឆ្នាំ 2018 2019 និង 2021។ Mendy បានចូលលេងចុងក្រោយបំផុតឱ្យ City តាំងពីថ្ងៃទី 15 ខែសីហាឆ្នាំ 2021។ Mendy ត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងរយៈពេលប្រាំខែ មុនពេលត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្នុងខែមករា ឆ្នាំ 2022៕
Comments are closed.